ថ្ងៃព្រហស្បត្ត៏ ទី២៥ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ០៩:៥៥
ខេត្តប៉ៃលិន ៖ រមណីយដ្ឋានកែច្នៃមួយឈ្មោះ «កុលាបប៉ៃលិន ហៅអាងតាជាវ» ស្ថិតនៅទិសខាងត្បូងជាប់ជើងភ្នំយ៉ាតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ជារៀងរាល់រដូវបុណ្យទានភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី... តែងតែទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើនទៅលេងកម្សាន្តនៅទីនោះ ។ ចំណែក នៅរៀងរាល់ថ្ងៃឈប់សម្រាក នាចុងសប្តាហ៍ មានមនុស្សក្មេងចាស់ ប្រុសស្រីឥតដាច់ បានទៅអង្គុយលេងលំហែកាយនៅក្រោមដើមតាង៉ែន ក្បែរមាត់ស្រះ ដើម្បីបំបាត់ក្តីកង្វល់ និងស្រូបយកខ្យល់បរិសុទ្ធ ។
កាលពីពេល ថ្មីៗនេះ លោកសោម វង្ស អាយុ៤៥ឆ្នាំ ជាម្ចាស់រមណីយដ្ឋាន ឱ្យដឹងថា គាត់មានស្រុកកំណើតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង តែកាលពីឆ្នាំ២០០៤ បានទៅរកស៊ីរែងត្បូងនៅខេត្តប៉ៃលិន និងបានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះជា ឌីណា ឪពុកឈ្មោះជា ជាវ ប្រកបរបរជីកនិងទិញត្បូង ។
ក្រោយពីរៀបការរួច លោកសោម វង្ស ប្រកបមុខរបរជីក និងរែងត្បូងជាមួយឪពុកក្មេក រហូតដល់ក្លាយទៅជាស្រះមួយដ៏ធំ ហើយដោយមើលឃើញមានសោភ័ណភាពស្រស់ស្អាត និងមានខ្យល់ត្រជាក់ស្រួល ទើបលោកនឹកបង្កើតជារមណីយដ្ឋានតែម្តង ដោយដាក់ឈ្មោះថា «រមណីយដ្ឋានកុលាបប៉ៃលិន» ព្រមទាំងសុំច្បាប់ពីក្រសួងទេសចរណ៍ កាលពីឆ្នាំ២០០៤ ។ រមណីយដ្ឋាននេះមានផ្ទៃដី៨ហិកតា មានតួអាងសម្រាប់លេងកម្សាន្តជាង២ហិកតា មានជម្រៅទឹក២០ម៉ែត្រ មានទាទឹកចំនួន២គ្រឿង ទូកជិះលេងចំនួន៨គ្រឿង មានខ្យូសចំនួន២៤ ។ ក្រៅពីនេះមានដើមតាង៉ែន ហៅមៀនប៉ៃលិនចំនួន៨០០ដើមនៅជុំវិញស្រះ ក្លាយទៅជាម្លប់ដ៏ត្រជាក់ សម្រាប់អ្នកទេសចរអង្គុយលេងកម្សាន្តលំហែកាយ ។ រមណីយដ្ឋាន «កុលាបប៉ៃលិន» ពីមុនមានឈ្មោះ «អាងតាជាវ» ដែលអ្នកស្រុកប៉ៃលិនដឹងនិងស្គាល់ គ្រប់ៗគ្នា ។
លោកសោម វង្ស រៀបរាប់បន្តថា នៅថ្ងៃបុណ្យជាតិ ធំៗ មានអ្នកទេសចរច្រើនទៅកម្សាន្តនៅ «កុលាបប៉ៃលិន» ដែលភាគច្រើនទៅពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តសៀមរាប ។ ចំណែកឯថ្ងៃសោរ៍ និងថ្ងៃអាទិត្យ ក៏មានអ្នកទេសចរទៅលេងកម្សាន្តដែរ ប៉ុន្តែច្រើនតែអ្នករស់នៅក្នុងខេត្តប៉ៃលិន ។ នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ មានអ្នកទេសចរក្នុងមួយថ្ងៃប្រហែល១.០០០នាក់ គឺរកកន្លែងឱ្យអង្គុយលេងមិនបានឡើយ ។
លោកសោម វង្ស កំពុងតែរៀបចំចាក់ផ្លូវបេតុងផ្លូវចូលក្នុងរមណីដ្ឋាន ព្រមទាំងរៀបចំសួនច្បារ ដើម្បីបង្កបរិយាកាសទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ ចូលលេងកម្សាន្តនៅរមណីយដ្ឋានរបស់លោក ៕
0 comments:
Post a Comment